៙ អារម្ភកថារបស់លោកសាស្ត្រាចារ្យ ជីន សាន ៖
ខ្ញុំបានចាប់អារម្មណ៍រាប់ឆ្នាំមកហើយ ទៅលើរបៀបធ្វើយ៉ាងណា ដើម្បីបញ្ចៀស និងបំបាត់របបផ្ដាច់ការ។ ខ្ញុំរក្សាទុកអារម្មណ៍នេះ មួយផ្នែកដោយសារជំនឿថា មនុស្សលោកមិនគួរឲ្យរបបនេះ ជិះជាន់និងបំផ្លិចបំផ្លាញទាល់តែសោះ។ ជំនឿនេះកាន់តែមានកម្រិតខ្លាំងឡើង តាមការអាននានាអំពីសារសំខាន់នៃសេរីភាពរបស់មនុស្សអំពីលក្ខណៈនៃ របបផ្ដាច់ការ (តាំងពីគំនិតលោកអារីស្តូត [Aristotle] ទៅដល់ការវែកញែកអំពីផ្ដាច់ការនិយម) និងប្រវត្តិនៃរបបផ្ដាច់ការ (ជាពិសេសស្ថាប័នណាស៊ី [Nazi] និងស្ដាលីន [Stalin])។ក្នុងរយៈពេលរាប់ឆ្នាំមកនេះ ខ្ញុំបានមានឱកាសជួបស្គាល់មនុស្ស ដែលបានរស់ និងរងគ្រោះក្រោមអំណាចណាស៊ី រួមមានទាំងអ្នកដែលរស់ផុតជីវិតពីគុកទៀតផង។ នៅក្នុងប្រទេសន័រវ៉េ (Norway) ខ្ញុំបានជួបអ្នកដែលបានប្រឆាំងនឹងរបបផ្ដាច់ការហ្វាស៊ីស ហើយបានរួចជីវិត និងបានឮអំពីអ្នកដែលបាត់បង់ជីវិត។ ខ្ញុំបាននិយាយជាមួយពួកជ្វិហ (Jews) ដែលបានគេចផុតពីកណ្ដាប់ដៃណាស៊ី និងជាមួយអ្នកដែលបានជួយរំដោះជីវិតអ្នករងគ្រោះទាំងនេះផង។
គេអាចបានដឹងច្រើនអំពីអំពើឃោរឃៅនៃរបបកុម្មុយនិស្តក្នុងប្រទេស នានាតាមការអានសៀវភៅ ជាងការទាក់ទងដោយផ្ទាល់។ ចំពោះខ្ញុំ អំពើឃោរឃៅនៃរបបទាំងនេះហាក់ដូចជាគូរឲ្យស្ដាយ ជាពិសេស ដោយអំពើផ្ដាច់ការនេះបានត្រូវគេអនុវត្តក្នុងរូបភាពជាការរំដោះ ប្រជាពលរដ្ឋពីការជិះជាន់ និងការកេងប្រវ័ញ្ច។ ក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ តាមរយៈអ្នកធ្វើដំណើរពីប្រទេសផ្ដាច់ការ ដូចជា ប៉ាណាម៉ា (Panama), ប៉ូឡូញ (Poland), ឈីលី (Chile), ទីបេ (Tibet) និងភូមា (Burma) យើងបានដឹងថា ភាពពិតជាក់ស្ដែងនៃរបបផ្ដាច់ការកាលបច្ចុប្បន្ននេះ មានកម្រិតកាន់តែខ្លាំងឡើង។ ពីអ្នកស្រុកទីបេដែលបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ពួកចិន កុម្មុយនិស្ត និងពួករុស្ស៊ីដែលបានជោគជ័យទៅលើរដ្ឋប្រហាររបស់ក្រុមជ្រុលនិយម ក្នុងខែសីហាឆ្នាំ 1991 ហើយនិងពួកថៃដែលបានរារាំង ដោយសន្តិវិធី មិនឲ្យរបបយោធាវិលត្រឡប់មកវិញ ខ្ញុំបានរៀនសូត្របន្ថែមអំពីការចេញលក្ខណៈសាហាវសន្សឹមៗនៃ របបផ្ដាច់ការ។
សមានចិត្តអាណិតអាសូរ និងកំហឹងពុះពោរចំពោះអំពើសាហាវឃោរឃៅជាមួយនិងការស្ងើចសរសើរដល់ វីរភាពដ៏នឹងន នៃបុរសស្ត្រីដ៏ក្លាហានដែលមិនកួរឲ្យជឿបាន កាន់តែមានកម្រិតខ្លាំងឡើង នៅពេលគេធ្វើដំណើរទៅដល់ទីកន្លែងកើតហេតុ។ គឺជាទីកន្លែងដែលនៅតែមានគ្រោះថ្នាក់ ប៉ុន្តែអ្នកក្លាហានទាំងនោះនៅតែក្រាញតស៊ូទៅទៀត។ ទីកន្លែងទាំងនោះមានជាអាទិ៍ ប្រទេសប៉ាណាម៉ា នៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ ណូរីអ៉ីហ្គា (Noriega), តំបន់វ៉ីលនីអ៉ីស (Vilnius) លីធូអានៀ (Lithuania) ក្រោមការជិះជាន់របស់សូវៀត, ទីធ្លាធៀនណាមិន (Tiananmen Square) នៃទីក្រុងប៉េកាំង (Beijing) ដែលគេបានឃើញមហាបាតុកម្មដ៏អស្ចារ្យ ដើម្បីសេរីភាព និងការទៅដល់នៃកងរថក្រោះ ដែលបានបញ្ចប់រាត្រីនោះយ៉ាងឃោរឃៅ, ទីស្នាក់ការក្នុងព្រៃនៃក្រុមប្រជាធិបតេយ្យ នៅម៉ាណ័រផ្ល័រ (Manerplaw) ក្នុងតំបន់ "រំដោះភូមា"។
ជួនកាល ខ្ញុំបានទៅដល់ទីកន្លែងដែលអ្នកទាំងនោះបានបូជាជីវិត ដូចជាដងគោមទូរទស្សន៍ និងទីកន្លែងដែលគេបាញ់សម្លាប់មនុស្សមួយចំនួន, មណ្ឌលហ្វែរ៉ារ៉ា (Ferrara) នៅផ្នែកខាងជើងប្រទេសអ៊ីតាលី ជាទីកន្លែងដែលពួកហ្វាស៉ីស តម្រៀបពួកអ្នកប្រឆាំងជាជួរ មុខនឹងបាញ់រះសម្លាប់ចោល ហើយនិងទីកប់ខ្មោចដ៏សាមញ្ញមួយ នៅម៉ាណ័រផ្ល័រ ដែលពោរពេញទៅដោយសពអ្នកតស៊ូក្មេងៗ។ ការពិតដ៏អាណោចអាធ័មមួយនោះគឺ របបផ្ដាច់ការនីមួយៗតែងតែបន្សល់ទុកនូវការបាត់បង់ជីវិត និងការខូចខាតបែបនេះ។
ការកង្វល់ និងបទពិសោធន៍ទាំងនោះ បាននាំឲ្យមានសេចក្ដីសង្ឃឹមដ៏ម៉ឺងម៉ាត់ថា ការបញ្ចៀសរបបផ្ដាច់ការនេះប្រហែលជាអាចធ្វើទៅបាន, និងការតស៊ូដ៏ជោគជ័យប្រឆាំងនឹងរបបផ្ដាច់ការ អាចសម្រេចបានដោយពុំចាំបាច់សម្លាប់គ្នាដោយរង្គាលទៅវិញទៅមក, ហើយថា គេអាចរំលំរបបផ្ដាច់ការ ហើយរារាំងមិនឲ្យរបបផ្ដាច់ការថ្មីមួយទៀត លេចចេញពីគំនរផេះទាំងនោះបាន។
ខ្ញុំបានល្បងធ្វើវិភាគយ៉ាងហ្មត់ចត់ អំពីវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីរុះរើរបបផ្ដាច់ការ ឲ្យបានជោគជ័យ ដោយពុំចាំបាច់បង្កមានការខូចខាតខ្លាំង តាមរយៈការធ្វើឲ្យមានការបាត់បង់ជីវិតនិងការឈឺចាប់។ ក្នុងការធ្វើបែបនេះ ខ្ញុំបានពឹងផ្អែកទៅលើការសិក្សារាប់ឆ្នាំរបស់ខ្ញុំ អំពីរបបផ្ដាច់ការនានា ចលនាប្រឆាំង បដិវត្តន៍ គំនិតនយោបាយ ប្រព័ន្ធគ្រប់គ្រងរដ្ឋ និងជាពិសេស អំពីការប្រយុទ្ធតស៊ូអហិង្សាដ៏ជាក់ស្ដែង។
សៀវភៅនេះ គឺជាលទ្ធផលនៃការសិក្សារបស់ខ្ញុំ។ ខ្ញុំដឹងច្បាស់ថា ស្នាដៃនេះពុំទាន់បានល្អសុក្រឹត ឥតខ្ចោះនោះឡើយ។ ប៉ុន្តែលទ្ធផលនេះ ប្រហែលជាអាចផ្ដល់នូវការណែនាំខ្លះៗ ដើម្បីជាជំនួយដល់ការគិតនិងការរៀបចំផែនការ ក្នុងការបង្កើតឲ្យចេញជាចលនារំដោះមួយ ដែលមានថាមពលនិងប្រសិទ្ធភាពខ្លាំងក្លា។
ជាការចាំបាច់ និងយោងទៅតាមការជ្រើសរើសដ៏ហ្មត់ចត់ ខ្លឹមសារនៃការសិក្សាវិភាគក្នុងសៀវភៅនេះ នឹងផ្ដោតទៅលើបញ្ហាជាទូទៅ ដែលពាក់ព័ន្ធនឹងការធ្វើយ៉ាងណា ដើម្បីរំលំរបបផ្ដាច់ការ ហើយនិងបញ្ចៀសកុំឲ្យរបបផ្ដាច់ការថ្មីមួយទៀតមកជំនួសបាន។ ខ្ញុំពុំមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើការវិភាគ និងធ្វើសំណើឲ្យបានពិស្ដារ សម្រាប់ប្រទេសណាមួយជាក់ស្ដែងនោះឡើយ។ ប៉ុន្តែសេចក្ដីសង្ឃឹមរបស់ខ្ញុំនោះគឺ ការវិភាគសិក្សាជាទូទៅបែបនេះ ប្រហែលជាអាចមានប្រយោជន៍ដល់មនុស្សក្នុងប្រទេសជាច្រើន ដែលកំពុងតែប្រឈមមុខតទល់នឹងរបបផ្ដាច់ការជាក់ស្ដែង។ អ្នកទាំងនោះត្រូវពិនិត្យថ្លឹងថ្លែងខ្លឹមសារ នៃការវិភាគក្នុងសៀវភៅនេះ សម្រាប់ករណីពិសេសរបស់គេ ហើយសម្រេចថា តើគេអាចលើកយក ឬក៏កែច្នៃសំណើសំខាន់ៗណាមួយក្នុងសៀវភៅនេះដល់កម្រិតណាដែរ សម្រាប់ការតស៊ូរំដោះរបស់គេ។
ខ្ញុំមានការជាប់ជំពាក់គុណជាច្រើនក្នុងការសរសេរសៀវភៅនេះ។ លោក ប្រូស ចែងឃីន (Bruce Jenkins) អ្នកជំនួយការខ្ញុំបានជួយខ្ញុំជាច្រើន លើសពីការស្មាន ក្នុងការរកឃើញកំហុសនានា ក្នុងសៀវភៅនេះ និងការឲ្យយោបល់ក្នុងការពន្យល់គំនិតពិបាកៗឲ្យងាយស្រួលយល់ ជាពិសេស គំនិតដែលពាក់ព័ន្ធនឹងយុទ្ធសាស្ត្រ។
ខ្ញុំក៏សូមអរគុណផងដែរ ចំពោះលោក ស្ទេហ្វិន កូឌី (Stephen Coady) ដែលបានជួយកែសម្រួលពាក្យពេចន៍ និងអក្ខរាវិរុទ្ធ។ បណ្ឌិត គ្រឹស្តូហ្វ័រ គ្រូល័រ (Christopher Kruegler) និងលោក រូបឺត ហេលវី (Robert Helvey) បានផ្ដល់នូវការរិះគន់និងយោបល់សំខាន់ៗជាច្រើន។ លោកស្រីបណ្ឌិត ហេសិល ម៉ាហ្វឺសុន (Hazel McFerson) និងលោកស្រីបណ្ឌិតប៉ាទ្រីស៊ីយ៉ា ផាកមិន (Patricia Parkman) បានផ្ដល់ឲ្យខ្ញុំ នូវព័ត៌មានអំពីការតស៊ូក្នុងទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង។ ថ្វីបើការសិក្សារបស់ខ្ញុំនេះបានទទួលផលប្រយោជន៍ជាច្រើនពីការ គាំទ្រដ៏ប្រសើរទាំងនេះក្ដី ការវិភាគ និងសេចក្ដីសន្និដ្ឋានទាំងឡាយក្នុងសៀវភៅនេះ គឺជាការទទួលខុសត្រូវរបស់ខ្ញុំទាំងស្រុង។
នៅក្នុងការវិភាគរបស់ខ្ញុំនេះ ពុំមានចំណុចណាមួយ ដែលខ្ញុំសន្មតថា ការតទល់ប្រឆាំងមេផ្ដាច់ការការទាំងឡាយជាការងាយស្រួល និងគ្មានការខូចខាតនោះឡើយ។ ការតស៊ូគ្រប់ប្រភេទតែងតែមានបញ្ហាស្មុគស្មាញ និងខូចខាតខ្លះជានិច្ច។ ការប្រយុទ្ធប្រឆាំងនិងពួកផ្ដាច់ការ នឹងនាំមកនូវការខូចខាតពុំខាន។ ប៉ុន្តែសេចក្ដីសង្ឃឹមរបស់ខ្ញុំនោះគឺ ការវិភាគក្នុងសៀវភៅនេះ នឹងជម្រុញឲ្យអ្នកដឹកនាំការប្រឆាំងទាំងឡាយគិតគូរអំពីយុទ្ធសាស្ត្រ ដែលអាចជួយឲ្យកម្លាំងរបស់គេកាន់តែមានប្រសិទ្ធភាពជាមួយគ្នានឹក ការបន្ថយការខូចខាត។
គេមិនគួរបកស្រាយវិភាគក្នុងសៀវភៅនេះថា នៅពេលដែលរបបផ្ដាច់ការមួយបានដួលរលំ បញ្ហាឯទៀតនឹងត្រូវចប់ដែរនោះទេ។ ការរលំដួលនៃរបបមួយមិនមែននាំមកនូវរបបថ្មីមួយដ៏ល្អនោះឡើយ។ ការនេះគ្រាន់តែបើកផ្លូវទៅរកកិច្ចការដ៏លំបាក និងការខ្នះខ្នែងដ៏យូរអង្វែងទៀត ដើម្បីស្ថាបនាឲ្យមានទំនាក់ទំនងសង្គមនិងការជិះជាន់ឯទៀត។ ខ្ញុំសង្ឃឹមថា ការវិភាគដ៏ខ្លីក្នុងសៀវភៅនេះ អំពីរបៀបកម្ចាត់របបផ្ដាច់ការ និងអាចមានផលប្រយោជន៍ ក្នុងករណីទាំងឡាយណា ដែលមនុស្សរស់នៅក្រោមការជិះជាន់ ហើយដែលអ្នកទាំងនោះមានបំណងចង់បានសេរីភាព។
_________________________
ជីន សាប
ថ្ងៃទី 6 ខែតុលា ឆ្នាំ 1993
វិទ្យាស្ថានអាល់បឺតអាំងស្ដាញ
ជីន សាប
ថ្ងៃទី 6 ខែតុលា ឆ្នាំ 1993
វិទ្យាស្ថានអាល់បឺតអាំងស្ដាញ
៙ កំណត់អ្នកបកប្រែដោយលោក អ៉ឹង ប៊ុនអាង ៖
គោលបំណងធំនៃប្រាថ្នាកិច្ចការបកប្រែសម្រួលនេះ នឹងបានសម្រេចដូចប្រាថ្នា ប្រសិនបើការបោះពុម្ពផ្សព្វផ្សាយសៀវភៅរបស់លោកសាស្ត្រាចារ្យ ជីន សាប "ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យជាភាសាខ្មែរ អាចជួយជំរុញលើកទឹកចិត្ត ឲ្យមានការត្រិះរិះពិចារណាឲ្យបានម៉ឺងម៉ាត់អំពីផែនការយុទ្ធសាស្ត្រ និងសកម្មភាពអហិង្សា ដែលអាចជួយទាញប្រទេសណាមួយឲ្យចេញផុតពីភាពក្រីក្រតោកយ៉ាក និងការចុះញ៉ម។ការវែកញែកប្រកែកគ្នាថា ប្រទេសណាមួយមានដំណើរការទៅមុខ ឬ ថយក្រោយប្រហែលជាពុំសូវសំខាន់ទេ។ ការពិតនោះគឺប្រជាពលរដ្ឋប្រទេសក្រីក្រត្រូវឆ្លងកាត់ការឈឺចាប់ដែល មិនចាំបាច់។ ការរងទុក្ខវេទនាដែលប្រជាពលរដ្ឋបានទ្រាំទ្រ គួរតែជាការកន្ត្រាក់ដាស់ស្មារតីឲ្យភ្ញាក់រឭក សម្រាប់ប្រទេសក្រីក្រទាំងឡាយ។ព្រឹត្តិការណ៍នានាដែលមានកើតឡើងនៅ ក្នុងប្រទេសក្រីក្រ ហាក់ដូចជាពុំមានលក្ខណៈគោរព យោគយល់ ឬអាណិតអាសូរដល់ប្រជាពលរដ្ឋឡើយ ។
ប្រវត្តិសាស្ត្រប្រទេសក្រីក្រខ្លះពោរពេញទៅដោយ "បដិវត្តន៍" ដែលទទួលបរាជ័យ។ សាច់រឿងដដែលៗចេះតែកើតមានឡើង មានតែតួឯកទេដែលផ្លាស់ប្ដូរ។មតិរិះគន់ខ្លះអាចចាត់ទុកពួក អ្នកដឹកនាំទាំងនោះ ថាជាអភិជនមួយក្រុមដែលរវល់តែដណ្ដើមគ្នាកាច់ចង្កូតកប៉ាល់ ទីតាក់និច (Titanic) ។ ពួកគេមានចិត្តរីករាយនៅពេលឃើញពួកមេដឹកនាំចាស់រលត់រលាយ ហើយគេខិតខំធ្វើបែបណា ដើម្បីកុំឲ្យគូប្រជែងរបស់គេមាឱកាសក្លាយទៅជាអ្នកទទួលអំណាចបន្ត នៅថ្ងៃមុខ ។ អ្នកទាំងនេះហាក់ដូចជារវល់ខ្លាំងណាស់ក្នុងការធ្វើយ៉ាងណា ឲ្យគេបាននៅកាន់អំណាចយូរអង្វែង ជាជាងធ្វើ អ្វីដើម្បីរំដោះប្រជាពលរដ្ឋឲ្យគេចផុតពីភាពក្រីក្រតោកយ៉ាក ទុក្ខវេទនាហើយនិងពីការដឹកនាំដែលខ្វះប្រសិទ្ធភាព។
គេអាចប្រៀបធៀបប្រជាពលរដ្ឋទៅកង្កែបក្នុងឆ្នាំងទឹកត្រជាក់ ដែលគេកំពុងតែបង្កាត់ភ្លើងដាំពីក្រោម។ កង្កែបនេះប្រហែលជាកំពុងតែសម្របសម្រួលខ្លួនទៅតាមកម្ដៅទឹក ដែលចេះតែកើនឡើងបន្តិចម្តងៗ។ ទីបំផុត ការសម្របសម្រួលដើម្បីរស់នេះនឹងធ្វើឲ្យកង្កែបឆ្អិនស្លាប់ រើខ្លួនលោតចេញពីទឹកពុះពុំរួច ទោះបីជាពេលនោះ គេចង់រស់បែបណាក៏ដោយ ។ ប្រសិនបើគេត្រូវការឧទាហរណ៍ជាក់ស្ដែងសម្រាប់គ្រោះថ្នាក់នេះ គេពុំចាំបាច់សម្លឹងមើលឯណាវែងឆ្ងាយហួសពីប្រទេសចំប៉ាទេ។ ប៉ុន្តែគេប្រហែលជាមើលពុំឃើញទេ ព្រោះប្រទេសចំប៉ាបានរលាយបាត់រូបរាងរួចយូរណាស់ទោហើយ។
ប្រហែលជាពេលវេលាដែលប្រជាពលរដ្ឋត្រូវធ្វើការរំដោះខ្លួនឯង ឈប់ពឹងផ្អែកលើអ្នកឯទៀតបានមកដល់ហើយ។ ដូចដែលលោកសាស្ត្រាចារ្យ ជីន សាប បានស្រង់យកសម្ដីទៅដាក់ក្នុងសៀវភៅនេះថា "សេរីភាពមិនមែនបានដោយសេរីងាយស្រួល"។ លោកបានស្នើជាទូទៅថា "សេរីភាពមិនមែនត្រូវតែរៀនអំពីរបៀបឆក់យកសេរីភាពនេះ ដោយខ្លួនឯង" (ទំព័រទី 103)។
គេឃើញកត្តាលើកទឹកចិត្ត សម្រាប់ឲ្យប្រជាពលរដ្ឋក្រីក្រធ្វើយ៉ាងនេះនិងរង្វាន់ជាច្រើន រង់ចាំ ប្រសិនបើប្រជាជាតិនេះមានជោគជ័យ។ ប្រទេសក្រីក្រខ្លះមានដីធ្លីដែលមានជីជាតិ ទឹកបឹង ទន្លេពាសពេញ និងចំនួនពលរដ្ឋតិចក្នុងមួយគីឡូម៉ែត្រការ៉េ។ ទាននេះជាធនធានធម្មជាតិ និងកេរ្តិ៍មរតក ដែលរង់ចាំតែការគ្រប់គ្រងក៏ល្អមួយ។ អ្នកសេដ្ឋសាស្ត្រដែលមានឯកទេសខាងកាត់បន្ថយភាពក្រីក្រ សាស្ត្រាចារ្យ ជេវហ្វ្រី សាស់ (Jeffrey Sachs) បានជឿជាក់ថា ប្រទេសក្រីក្រខ្លះមានគុណសម្បត្តិជាច្រើន ដែលអាចធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ មាន ជីវភាពរស់នៅជាមនុស្សក្នុងភាពថ្លៃថ្នូរ។ ក្នុងផ្នែកអនុវត្តន៍វិញ សៀវភៅនេះបានផ្ដល់នូវគំនិតជាច្រើនអំពីរបៀបតស៊ូយកសេរីភាព ដែលប្រជាពលរដ្ឋត្រូវការយ៉ាងខ្លាំងក្លា ដើម្បីចូលរួមក្នុងកិច្ចការទាំងឡាយ ដែលមានឥទ្ធិពលទៅលើជីវភាពរស់នៅ ជារៀងរាល់ថ្ងៃរបស់គេ និងប្រយោជន៍ជាតិ។ សៀវភៅនេះអាចជួយធ្វើឲ្យការអស់សង្ឃឹមក្លាយទៅជាមានសង្ឃឹម និងធ្វើឲ្យសេចក្ដីសង្ឃឹមក្លាយជាការពិត។
ការផ្សព្វផ្សាយសៀវភៅនេះជាភាសាខ្មែរបានចេញរួច ដោយសារតែមនុស្សមួយចំនួន។ លោកសាស្ត្រាចារ្យ ជីន សាប បានកត់ត្រាគំនិតជាច្រើនទុកក្នុងសៀវភៅដែលអាចជួយឲ្យប្រជាពលរដ្ឋ ពិភពលោកកាន់កាប់វាសនាខ្លួនឯងវិញម្ដង។ លោក អាធ័រ អ៉ីដែលស្តាញ (Arthur Edelstein) នៃសកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅ បឺរគ្លី (Berkeley) បានទាក់ទង ហើយផ្ដល់ឲ្យខ្ញុំ នូវឱកាសមួយដែលខ្ញុំពុំអាចបដិសេធបាន ដើម្បីជួយផ្សព្វផ្សាយគំនិត លោក ជីន សាប ជាភាសាខ្មែរ។ ការបកប្រែជាភាសាខ្មែរនេះបានផលប្រយោជន៍ជាច្រើន ពីចំណេះអក្សរសាស្ត្រដ៏ជ្រៅជ្រះ របស់ភិក្ខុមួយអង្គ, លោក លីសក្តា, លោក មួង ណារ៉េត និង សហការីខ្ញុំមួយចំនួនទៀត ដែលបានជួយធ្វើការពិនិត្យពាក្យពេចន៍ ឃ្លាឃ្លោងយ៉ាងហ្មត់ចត់។ អ្នកជំនួយការខ្ញុំបានទទួលរ៉ាប់រងខាងវាយអត្ថបទ និងរៀបចំឲ្យចេញជារូបភាពសៀវភៅ។ មិត្តភ័ក្ដិមួយចំនួននៅក្នុងស្រុកនិងបរទេស បានជួយលើកទឹកចិត្ត និងផ្ដល់ជាធនធានសម្រាប់បោះពុម្ពសៀវភៅនេះ។ អ្នកជំនួយទាំងនោះ សុទ្ធតែជាអ្នកដែលប្ដូរផ្ដាច់ទៅលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមសកម្មភាពអហិង្សា។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជគុណ និងអស់លោកអ្នកខាងលើទាំងអស់ដែលបានជួយជ្រោមជ្រែងគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យសៀវភៅនេះចេញជារូបរាង។ ទោះជាយ៉ាងណាក៏ដោយ កំហុសទាំងឡាយដែលមាននៅក្នុងសៀវភៅនេះ ស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ខ្ញុំតែម្នាក់ឯងទាំងស្រុង។
ខ្ញុំសូមចាត់ទុកស្នាដៃបកប្រែនេះជាការថ្លែងអំណរគុណដ៏ស្ដួចស្ដើង មួយ ចំពោះភរិយា និងកូនខ្ញុំទាំងពីរ ដែលបានគាំទ្រនឹងសកម្មភាពខ្ញុំជានិច្ច ដោយគ្មានលក្ខខណ្ឌ។
____________________________
សមាជិកព្រឹទ្ធសភា អ៉ឹង ប៊ុនអាង
អ្នកបកប្រែ
រាជធានីភ្នំពេញ, ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2005
សមាជិកព្រឹទ្ធសភា អ៉ឹង ប៊ុនអាង
អ្នកបកប្រែ
រាជធានីភ្នំពេញ, ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2005
៙ មាតិការឿង ៖
- ជំពូកទី 1 : ប្រឈមមុខនឹងរបបផ្ដាច់ការ
- ជំពូកទី 2 : គ្រោះថ្នាក់នៃការចរចា
- ជំពូកទី 3 : ពេលណាអំណាចនឹងមកដល់
- ជំពូកទី 4 : របបផ្ដាច់ការមានចំណុចខ្សោយ
- ជំពូកទី 5 : ការប្រើប្រាស់អំណាច
- ជំពូកទី 6 : សេចក្ដីត្រូវការឲ្យមានផែនការយុទ្ធសាស្ត្រ
- ជំពូកទី 7 : ការរៀបចំជាយុទ្ធសាស្ត្រ
- ជំពូកទី 8 : ការអនុវត្តនយោបាយរើបម្រះ
- ជំពូកទី 9 : ការបំបែករបបផ្ដាច់ការ
- ជំពូកទី 10 : កិច្ចការជាមូលដ្ឋានសម្រាប់ប្រជាធិបតេយ្យរឹងប៉ឹង
៙ ព័ត៌មានទាញយក ៖
- ឈ្មោះសៀវភៅ : ពីរបបផ្ដាច់ការទៅប្រជាធិបតេយ្យ តាមគោលគំនិតអហិង្សា- និពន្ធដោយ : លោកបណ្ឌិត ជីន សាប
- បកប្រែជាភាសាខ្មែរដោយ : លោក អ៉ឹង ប៊ុនអាង (2005)
- ផ្សាយចេញពី : វិទ្យាស្ថានអាល់បឺតអាំងស្ដាញ (The Albert Einstein Institution)
- ទំហំឯកសារ : 568 KB ប្រភេទជា PDF
- ទីតាំងទាញយក : Google Drive របស់អាក្បាលធំ
- ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័ររបស់ វិទ្យាស្ថានអាល់បឺតអាំងស្ដាញ។
0 comments